Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016

ភាព​អស្ចារ្យ​៨​ចំណុច​នៃ​អច្ឆរិយ​វត្ថុ​ប្រាសាទ​អង្គរវត្ត ដែល​អ្នក​មិន​ធ្លាប់​ដឹង

ប្រាសាទ​អង្គរវត្ត​ជា​ប្រាសាទ​ដ៏​ល្បីល្បាញ​មួយ​ដោយ​ក្បូរក្បាច់​រចនា និង​ជា​ប្រាសាទ​​ដែល​មាន​វ័យ​ដ៏​ចំណាស់​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ ហើយ​ក៏​ជា​ដួង​ព្រលឹង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ដែរ ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ដើម​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ហើយ​បន្សល់​ទុក​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ អស់​រយៈកាល​រាប់​សតវត្ស​មក​ហើយ ។
ចំពោះ​ប្រាសាទ​ដ៏​ពិសេស​នេះ មាន​លក្ខណៈ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង ដូច្នេះ​ថ្ងៃ​នេះ​គេហទំព័រKqube.net យើង​ខ្ញុំ​សូម​លើក​យក​ចំណុច​ពិសេស​ទាំង​នេះ​មក​ជូន​ប្រិយមិត្ត​អាន ​ទុក​ជា​ចំណេះដឹង​បន្ថែម​ចំពោះ​ដួង​ព្រលឹង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខាង​ក្រោម​នេះ ជា​លក្ខណៈ​ពិសេស​ទាំង​៨​ចំណុច​នៃ​ប្រាសាទ​អច្ឆរិយ​នេះ៖ 
១. ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​កសាង​ឡើង​ដោយ​ថ្ម​ភក់​ចំនួន​៥​លាន​តោន
ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មាន​មាឌ​តូច​ ប៉ុន្តែ​ស្អាត​សមរម្យ​បែប​ធម្មជាតិ ហើយ​មាន​សមត្ថភាព​ក្នុង​ការ​ជញ្ជូន​ថ្ម​​មួយ​ដុំ​ៗ​មាន​ទម្ងន់​ជិត​១៥០០​គីឡូក្រាម ​ក្នុង​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ពី​ប្រភព​ថ្ម មក​កាន់​ទីតាំង​ប្រាសាទ​បាន ដូច្នេះ​ហើយ​គេ​សន្និដ្ឋាន​ថា មនុស្ស​ជំនាន់​ដើម​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ដោយ​បណ្ដែត​ថ្ម​ទាំង​នោះ​តាម​ខ្សែ​ទឹក​ទន្លេ ទើប​អាច​យក​មក​ដល់​កន្លែង​សង់​ប្រាសាទ​បាន ។
២. ធ្លាប់​ជា​ប្រាសាទ​ឧទ្ទិស​ដល់​សាសនា​ហិណ្ឌូ
កសាង​ឡើង​ដោយ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ នៅ​ដើម​សតវត្ស​ទី​១២ ប្រាសាទ​នេះ​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ដោយ​ចម្លាក់ និង​ក្បូរក្បាច់​រចនា​ជា​ច្រើន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រាសាទ​អង្គរវត្ត និង​សាសនា​ហិណ្ឌូ តែ​មក​ដល់​ចុង​ស.វ​ទី​១៣ (ប្រភព​ខ្លះ​ថា​ស.វ​ទី​១៤) ប្រាសាទ​អង្គរវត្ត​បាន​ប្រែក្លាយ​ជា​ប្រាសាទ​បែប​ព្រះ​ពុទ្ធសាសនា​វិញ បន្ទាប់​ពី​មាន​ជម្លោះ​ផ្នែក​សាសនា​ដ៏​ខ្លាំងក្លា​នៅ​សម័យ​នោះ ។ មក​ទល់​ពេល​នេះ ប្រាសាទ​អង្គរវត្ត​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រាសាទ​បែប​ព្រះពុទ្ធសាសនា​ដដែល​ ប៉ុន្តែ​ក៏​មាន​បន្សល់​ទុក​ចម្លាក់ និង​អ្វីៗ​ផ្សេង​ដែល​បង្ហាញ​ពី​សាសនា​ហិណ្ឌូ​ដែរ ។
៣. ក្រុមហ៊ុន Paramount Pictures ចំណាយ​១​ថ្ងៃ​​១​ម៉ឺន​ដុល្លារ​ដើម្បី​សុំ​សិទ្ធ​ថតកុន​នៅ​ប្រាសាទ​បាយ័ន
កាល​ពី​ឆ្នាំ​២០០០ ក្រុមហ៊ុន​ខ្សែភាពយន្ត​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​នេះ​ បាន​យក​តំបន់​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរ​ធ្វើ​ជា​កន្លែង​ថត​រឿង Lara Croft: Tomb Raider សម្ដែង​ដោយ​អ្នក​នាង​ Angelina Jolie ដែល​កាល​នោះ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ខ្សែភាពយន្ត​នេះ​ត្រូវ​ចំណាយ​១​ម៉ឺន​ដុល្លារ និង​ប្រើ​ពេល​អស់​៧​ថ្ងៃ​ទើប​ថត​ចប់ ហើយ​វា​បាន​ផ្ដល់​ជា​ចំណូល​ដល់​អ្នក​ស្រុក​រស់​នៅ​ជុំវិញ​នោះ​រាប់​ម៉ឺន​ដុល្លារ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​នាង Angelina Jolie នៅ​បាន​ទទួល​ចិញ្ចឹម​ក្មេង​កំព្រា​ម្នាក់​ទៀត​ផង ។
៤. ប្រាសាទ Angkor Wat គឺ​ជា​សំណង់​ស្ថាបត្យកម្ម​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក
គ្រាន់​តែ​ប្រាសាទ​អង្គរវត្ត​មួយ​មាន​ទំហំ​ធំ​ជាង​បុរី​ Vatican City ដល់​ទៅ​៤​ដង ហើយ​បើ​គិត​ទីក្រុង​អង្គរ​ទាំង​មូល​វិញ គេ​ប្រើ​ថ្ម​សាងសង់​អស់​ច្រើន​ជាង ​ថ្ម​សរុប​សម្រាប់​សង់​ប្រាសាទ​ពីរ៉ាមីត​ទាំង​អស់​នៅ​អេហ្ស៊ីប​ទៀត ។
៥. ចំណាយ​ពេល​អស់​៣៥​ឆ្នាំ កម្លាំង​មនុស្ស​៣០​ម៉ឺន​នាក់ និង​ដំរី​៦​ពាន់​ក្បាល​ដើម្បី​សាងសង់​ប្រាសាទ​អង្គរវត្ត 
ដើម្បី​កសាង​មហា​អច្ឆរិយ​ប្រាសាទ​នេះ បុព្វបុរស​ខ្មែរ​ចំណាយ​អស់​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​ប្រាក់​អស់​ជា​ច្រើន ហើយ​ក្នុង​នោះ​រយៈ​ពេល​នៃ​ការ​សាងសង់​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ ក្នុង​នោះ​ដំរី​ជា​យានជំនិះ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​គេ​ប្រើ​ដំរី​សម្រាប់​អូស​សម្ភារៈ​ធ្ងន់​ៗ​ជា​ដើម ។
៦. ធ្លាប់​ជា​ទីក្រុង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក
ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ក្រុង​អង្គរ ដែល​ជា​រាជធានី​នៃ​អាណាចក្រ​ខ្មែរ ហើយ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា កាល​ពី​សម័យ​អតីតកាល ក្រុង​អង្គរ​មាន​ប្រជាជន​ដល់​ទៅ​ជាង​១​លាន​នាក់ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ មុន​នឹង​មាន​បដិវត្ត​ឧស្សាហកម្ម​ពិភពលោក​នៅ​ស.វ​ទី​១៨ ដល់​ទី​១៩ ។ ជាក់​ស្ដែង​ការ​ប្រើ​កាំរស្មី​ឡាស៊ែរ​បាញ់​ទៅ​លើ​ប្រាសាទ​អង្គរ ​បង្ហាញ​ឲ្យ​ឃើញ​ថា តំបន់​ស្នូល​នៃ​ក្រុង​អង្គរ​ធ្លាប់​មាន​មនុស្ស​រស់​នៅ​ដល់​ទៅ​៥០​ម៉ឺន​នាក់ ខណៈ​ដែល​នៅ​ក្រៅ​តំបន់​ស្នូល​នេះ​មាន​ច្រើន​ជាង​នេះ​ទៀត ។
៧. បុរាណ​វិទូ​រក​ឃើញ​អាថ៌កំបាំង​ជា​ច្រើន​នៅ​ក្រោម​ប្រាសាទ​អង្គរវត្ត 
នៅ​ឆ្នាំ​២០១២ បុរាណ​វិទូ​មួយ​ក្រុម​បាន​ប្រើ​បច្ចេកវិទ្យា​ឡាស៊ែរ LiDAR បាញ់​ពី​លើ​អាកាស​សំដៅ​មក​លើ​បរិវេណ​ប្រាសាទ​អង្គរវត្ត រក​ឃើញ​សំណង់​ក្រោម​ដី​ជា​ច្រើន​ដ៏​អាថ៌កំបាំង ដែល​គេ​អាច​សន្មត​បាន​ថា ប្រាសាទ​អង្គរវត្ត​មាន​អាថ៌កំបាំង​ច្រើន​ជាង​ អ្វី​ដែល​ពិភពលោក​អាច​នឹក​ស្មាន​ដល់ ។
៨. មាន​ចម្លាក់​រូប​ឌីណូស័រ​នៅ​លើ​ប្រាសាទ​តា​ព្រហ្ម 
អាថ៌កំបាំង​មួយ​ទៀត​នៃ​ស្ថាបត្យកម្ម​ក្រុង​អង្គរ​នេះ​គឺ រូប​ឌីណូស័រ​ដែល​បុព្វបុរស​ខ្មែរ​ឆ្លាក់​នៅ​លើ​ប្រាសាទ​តា​ព្រហ្ម ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​រក​ចម្លើយ​ឃើញ​នៅ​ឡើយ​ទេ​ថា ហេតុអ្វី​បាន​ជា​អាច​មាន​ចម្លាក់​បែប​នេះ​កើត​ឡើង​ ព្រោះ​ថា​បើ​ប្រៀបធៀប​តាម​រយៈ​ពេល ប្រាសាទ​តា​ព្រហ្ម​ត្រូវ​បាន​សង់​ក្រោយ​សត្វ​ឌីណូស័រ​ដាច់​ពូជ​ជា​យូរយារ​ណាស់​មក​ហើយ ។ (ប្រភព Guiddoo)
ផ្ដល់សិទ្ធិដោយ៖ KQUBE
http://www.knn-news.com/news/196/222/9234
បានផ្សាយបន្ត ដោយ និស្សិត ឈឹម ផាន់ណា

0 comments:

Post a Comment