
មេរៀនទាំង ៥ ដែលលោកអ្នកគួររៀនពីម្ចាស់ស្ត្រី Elizabeth II

ម្ចាស់ស្ត្រី Elizabeth II បានក្លាយជាព្រះរាជា ដែលសោយរាជ្យសម្បត្តិយូរជាងគេក្នុងប្រវត្តិសាស្ត្រអង់គ្លេស បន្ទាប់ពីម្ចាស់ស្ត្រី Victoria។ ទ្រង់បានគ្រងរាជ្យអស់រយៈពេលជាង ៦៣ឆ្នាំបន្ទាប់ពីព្រះអង្គម្ចាស់ George VI ជាព្រះបិតា។ ក្នុងរជ្ជកាលរបស់ទ្រង់ មាននាយករដ្ឋមន្ត្រី ១២រូបបានកាន់កាប់រដ្ឋាភិបាលអង់គ្លេស។
នាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន លោក David Cameron បានប្រសិទ្ធិនាមម្ចាស់ស្ត្រី Elizabeth II ថាជាលំនឹងរឹងដូចថ្ម ក្នុងពិភពលោកមួយ ពោរពេញដោយការផ្លាស់ប្ដូរជាលំដាប់។ តើមានមេរៀនអ្វីខ្លះ ដែលលោកអ្នកអាចរៀនសូត្រពីម្ចាស់ស្ត្រី Elizabeth II?
១. ត្រៀមខ្លួនទទួលភារៈកិច្ចខ្ពស់
ម្ចាស់ស្ត្រី Elizabeth II នៅទីបំផុតបានក្លាយជាព្រះរាជាប្រទេសអង់គ្លេស ដោយមិនបានរំពឹងទុក។ នៅពេលទ្រង់ប្រសូត ទ្រង់ជាលំដាប់ទាយាទស្នងរាជ្យទី ៣។ ប៉ុន្តែក្នុងពេលមួយឆ្នាំ បន្ទាប់ពីរាជ្យព្រះអង្គម្ចាស់ Goerge ព្រះអង្គម្ចាស់ Edward VIII ដែលត្រូវជាពូក៏បានបោះបង់ចោលរាជបល្ល័ង្គ ដើម្បីស្វែងរកស្នេហា។ ដូច្នេះ លោកអ្នកគួរតែត្រៀមខ្លួនឲ្យរួចជាស្រេច ដើម្បីឈានទៅរកតំណែងការងារជាន់ខ្ពស់ជាងអ្នក។ ថាមិនបាន ដោយសារតែសមត្ថភាព និងឥរិយាបថការងារល្អរបស់លោកអ្នក បានទាក់ចិត្តនយោជកឲ្យតម្លើងតំណែងឲ្យអ្នកផងក៏ថាបាន។
២. ប្រកាន់យកបច្ចេកវិទ្យា
ខណៈម្ចាស់ស្ត្រី Elizabeth II បានគ្រងរាជសម្បត្តិដំបូង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយទៅហើយ។ នៅពេលទ្រង់ប្រារព្ធព្រះរាជពិធីឡើងគ្រងរាជសម្បត្តិកាលពីឆ្នាំ ១៩៥៣ ទ្រង់បានទទូចឲ្យស្ថានីយទូរទស្សន៍ផ្សាយព្រឹត្តិការណ៍នោះផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។
ទ្រង់ក៏ប្រើប្រាស់សារអេឡិចត្រូនិច (E-mail) ផងដែរ។ ទ្រង់ជាប្រមុខរដ្ឋដំបូងបង្អស់ ដែលផ្ញើសារតាមប្រព័ន្ធបច្ចេកវិទ្យានៅឆ្នាំ ១៩៧៦។ ទ្រង់មិនប្រកាន់យកទំនៀមទម្លាប់អភិរក្សនិយម ហើយបើកព្រះទ័យសាកល្បងអ្វីដែលថ្មី។
៣. ជួបគ្នាដោយផ្ទាល់
ការប្រាស្រ័យទាក់ទងពីចម្ងាយ មិនមែនជាមធ្យោបាយតែមួយគត់ក្នុងការរក្សាទំនាក់ទំនងនោះទេ។ ខណៈម្ចាស់ស្ត្រី Elizabeth II គ្រងរាជដំបូង ទ្រង់បានទាញយកប្រជាប្រិយភាពពីបណ្ដាប្រជារាស្ត្រ ដោយការយាងទៅទស្សនៈកិច្ចនៅអូស្ត្រាលី។ ទ្រង់ជាព្រះរាជាដំបូងបង្អស់ ដែលបានមកជួបប្រជារាស្ត្រដោយផ្ទាល់នៅទីនោះ។ អ្វីដែលសំខាន់គឺថា ការទាក់ទងគ្នាតាមទូរស័ព្ទ ឬ សារអេឡិចត្រូនិច (E-mail) តែមួយមុខមិនគ្រប់គ្រាន់ទេ។ ការជួបមុខគ្នាដោយផ្ទាល់ បង្ហាញពីការលះបង់ពេលវេលាដ៏មានតម្លៃ និងក្ដីគោរព។
៤. រក្សាភាពស្ងៀមស្ងាត់ ហើយបន្តកិច្ចការតទៅទៀត
ម្ចាស់ស្ត្រី Elizabeth II បានរក្សាភាពស្ងៀមស្ងាត់ ឆ្លងកាត់បញ្ហាសង្គ្រាមមួយចំនួន។ ការប្រុងប្រៀបទប់ទល់នឹងសភាពការណ៍ចលាចលដោយស្ងប់ស្ងៀម ជាការសំខាន់សម្រាប់អ្នកមានសមត្ថកិច្ចទទួលខុសត្រូវ និងដឹកនាំ។ កំណត់ត្រាចក្រភពអង់គ្លេសក្នុងរជ្ជកាលទ្រង់ បានរំលឹកបណ្ដាជនឲ្យមានក្ដីរំភើបចំពោះការផ្លាស់ប្ដូរ ជំនួសឲ្យភាពភ័យខ្លាច។
៥. បញ្ចៀសជម្លោះ
ភារៈកិច្ចរបស់ព្រះរាជាចក្រភពអង់គ្លេសគឺមិនត្រូវស្ដែងចេញពីទស្សនៈនយោបាយនោះទេ ប៉ុន្តែត្រូវជម្រុញលើកទឹកចិត្ត ព្រមាន និងផ្ដល់ដំបូន្មាន។ ទ្រង់បានរក្សាតុល្យភាពតួនាទីក្នុងការផ្ដល់យោបល់ ដោយមិនបង្ហាញពីទស្សនៈនយោបាយបានល្អណាស់។ មានន័យថា មិនមែនគ្រប់បញ្ហាទាំងអស់ត្រូវទទួលការចាប់អារម្មណ៍នោះទេ។ ជួនកាល អ្វីដែលសំខាន់គឺកុំបង្ហាញទស្សនៈរបស់លោកអ្នកចេញមក៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះមេរៀនទាំង ៥ នេះ?
ដកស្រង់ចេញពី Business Insider | ប្រែសម្រួលដោយ ឃុន ពិទី
បានផ្សាយបន្តដោយ ឈឹម ផាន់ណា
0 comments:
Post a Comment