Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016

និស្សិតមកពីខេត្ត រៀនអង់គ្លេស ម៉េចឆាប់ចេះ?

http://kramapost.com/article/650

ផ្សាយថ្ងៃ៖ ០២ ខែមីនា ២០១៦ បោះពុម្ពអត្ថបទនេះ

ដើម្បីបន្តទៅឧត្តមសិក្សា សិស្សនិស្សិតនៅតាមខេត្តជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវចាកចេញពីស្រុកកំណើត មកទីក្រុងភ្នំពេញ។ នៅតាមបណ្តា សកលវិទ្យាល័យធំៗមួយចំនួន ក្នុងទីក្រុងភ្នំពេញ ត្រូវប្រើប្រាស់ភាសាអង់គ្លេស ជាយានក្នុងការប្រាស្រ័យទាក់ទងគ្នា ក្នុងថ្នាក់ ក៏ដូចជាក្នុងការប្រឡងផេ្សងៗ។ ហេតុនេះហើយ បញ្ហារួមនិងចម្បង ជាងគេ ដែលនិស្សិតមកពីខេត្តច្រើនជួបប្រទះ នោះគឺការប្រើប្រាស់ភាសាអង់គ្លេស។
កញ្ញា សឹម ហូឡាសូរិយា ដែលជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យហ្សាម៉ាន់ (ZAMAN) ទាញការចាប់អារម្មណ៍ថា៖ «វាជារឿងធម្មតាទេ ដែលបុគ្គលម្នាក់ៗតែងជួបនូវការលំបាកខ្លាំង នៅពេលរៀននូវភាសាថ្មីមួយជាលើកដំបូង ហើយខ្លួនពុំដែលចេះពីមុន ប៉ុន្តែនៅពេលដែលបានយល់ដឹង និងចេះកាន់តែច្រើន យើងនឹងកាន់តែចូលចិត្តភាសានោះ»។
និយាយទាំងញញឹមតិចៗ លោក ខាន់ ច័ន្ទឌី ដែលស្រុកកំណើតនៅខេត្តកោះកុង ហើយបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Simon Fraser University និងបច្ចុប្បន្នជា សាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស(IFL) ពន្យល់ថា «ដើម្បីរៀនភាសាអង់គ្លេសអោយពូកែ និស្សិតត្រូវពង្រឹងជំនាញ សំខាន់ទាំងបួនគឺ ការអាន ការសរសេរ ការនិយាយ និង ការស្តាប់។»
ចំពោះការអាន លោកបានបន្តថា សិស្សត្រូវរកសៀវភៅធ្វើតេស្ត ធូហ្វូល (TOFEL) និងអាយអ៊ីអុលធីអេស(IELTS)ដែលជាវិញ្ញាសាប្រឡង សមត្ថភាពភាសាអង់គ្លេស ដែលទទួលស្គាល់ជាអន្តរជាតិ ព្រោះនៅក្នុងសៀវភៅទាំងនោះ មានសរសេរ នូវគន្លឹះក្នុងការធ្វើលំហាត់ ពាក់ព័ន្ធនឹងការអាន ធ្វើយ៉ាងណាអោយបានពិន្ទុច្រើន។ លើសពីនេះទៅទៀត ដើម្បីពង្រឹង ការអាន ជាទូទៅនិស្សិតត្រូវព្យាយាមទទួលនូវព័ត៌មានផេ្សងៗ តាមរយៈការអានច្រើនជាងការសួរព័ត៌មានពីគេ។ 
ចំពោះការសរសេរ និស្សិតគួរតែមានសៀវភៅកំណត់ហេតុ ដើម្បីសរសេរនូវការយល់ឃើញរបស់ខ្លួន ឬក៏សរសេរពីអ្វីដែល រៀនពីក្នុងថ្នាក់។ និស្សិតត្រូវពិនិត្យសំណង់ប្រយោគ និងគំនិតរបស់អ្នកនិពន្ធសៀវភៅ ហើយត្រូវរៀនប្រើសំណង់ប្រយោគនោះ ដើម្បីសរសេរអោយបានត្រឹមត្រូវ។ បន្ថែមពីលើការអាន និងការសរសេរ និស្សិតក៏គួរតែពង្រឹងការស្តាប់តាមរយៈ កម្មវិធីវិទ្យុ ជាភាសាអង់គ្លេស ឬមើលកម្មវិធីទូរទស្សន៍ ជាភាសាអង់គ្លេស។ យ៉ាងហោចណាស់ និស្សិតត្រូវប្រើពេល សម្រាប់ការស្តាប់ មួយម៉ោង ក្នុងមួយថ្ងៃ។
ក្រៅពីការរៀនអាន រៀនស្តាប់និងរៀនសរសេរ និស្សិតក៏មិនអាចមើលរំលងបាន ចំពោះការអនុវត្តន៍ជំនាញ ក្នុងការនិយាយ ជាភាសាអង់គ្លេសនោះដែរ និស្សិតគួរតែទម្លាប់ស្តាប់វិទ្យុ ឬមើលទូរទស្សន៍ ដើម្បីអោយសុំានឹងការនិយាយ របស់ម្ចាស់ភាសា ទាំងការបព្ចោញសំឡេង ការអានពាក្យនិមួយៗ និងរប្រៀបនិយាយរបស់ពួកគេ ដើម្បីត្រាប់និយាយតាម។ បន្ថែមពីលើនេះដែរ ការអានក៏ជាមធ្យោបាយមួយ ជួយជំរុញដល់ការអភិវឌ្ឍន៍ ផ្នែកទំនាក់ទំនង ពោលគឺការប្រស្រ័យទាក់ទងគ្នា ព្រោះការអាន អាចអោយនិស្សិត មានគំនិតច្រើនក្នុងការនិយាយ។
ជុំវិញវិធីសាស្រ្តក្នុងការសិក្សា ភាសាអង់គ្លេស អោយឆាប់ចេះនេះដែរ សាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅ វិទ្យាស្ថាន ភាសាបរទេស (IFL) ម្នាក់ទៀត លោក ចាប វិក្រាន្ត និងជាបេក្ខជនទើបទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួត និយាយ ភាសាអង់គ្លេស Springboard បានអោយដឹងថា៖ «ដើម្បីឆាប់ចាប់បាននូវមេរៀននិង ប្រើប្រាស់ភាសា អោយបាន ស្ទាត់ជំនាញ សិស្សនីមួយៗត្រូវ ស្វែងរកឱកាសដើម្បីប្រើប្រាស់ភាសាដូចជា ការពិភាក្សាក្នុងថ្នាក់ជាមួយមិត្តភក្តិ ការសន្ទនាជាមួយគ្រូ និងការប្រាស្រ័យទាក់ទងជាមួយជនបរទេស។ សិស្សត្រូវជំនះ នូវអារម្មណ៍អៀនខ្មាស ភ័យខ្លាច ដើម្បីបានពង្រឹង ការប្រើប្រាស់ភាសា។»
ការរៀនភាសាអង់គ្លេស អោយឆាប់ចេះនេះមានគន្លឹះជាច្រើន ហើយក្រៅពីគន្លឹះ ដែលផ្តល់ដោយសាស្រ្តាចារ្យទាំងពីរ ខាងលើនេះ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យហ្សាម៉ាន់ (Zaman) កញ្ញា សឹម ហូឡាសូរិយា បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ដើម្បីធ្វើអោយការបញ្ចេញសំឡេង ជាភាសាអង់គ្លេសអោយមានលក្ខណៈល្អប្រសើរ និស្សិតត្រូវព្យាយាម និយាយ ភាសាអង់គ្លេស ទោះបីជាមានការប្រើប្រាស់ វេយ្យាករណ៍ខុសយ៉ាងណាក្តី ប៉ុន្តែបើនិស្សិតព្យាយាមនិយាយ និងព្យាយាមកែ កំហុសវេយ្យាករណ៍ពេលដែលនិយាយ ហើយព្យាយាមនិយាយយឺតៗនិងច្បាស់ៗ នោះនិស្សិតនឹងសង្កេតឃើញថា កំហុសនឹងត្រូវ បានកាត់បន្ថយ។»
កញ្ញាបន្ថែមទៀតថាចំពោះការស្តាប់ និស្សិតគួរតែស្តាប់កម្មវិធី ជាភាសាអង់គ្លេសដូចជា Tedtalk ដែលជាកម្មវិធី ផ្តល់ចំណេះដឹងលើប្រធានបទជាច្រើន ដែលប្រើប្រាស់ភាសាអង់គ្លេសជាគោល ឬស្តាប់ចំរៀងជាភាសាអង់គ្លេសជាដើម។
អតីតនិស្សិតមកពីខេត្តម្នាក់ កញ្ញា មាស ច័ន្ទសត្យា ជាបេក្ខជនដែលបានចូលរួម កម្មវិធីអន្តរជាតិជាច្រើន និង ជាបុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអចលនទ្រព្យ Century 21 បានបង្ហើបថា និស្សិតគួរតែសិក្សាអោយបានច្រើន ពីរបៀបសរសេរ សំណេរផេ្សងៗគ្នា ដោយការអានសំណេរ របស់អ្នកនិពន្ធ ឬមិត្តភក្តិ ដើម្បីធ្វើអោយរបៀប ក្នុងការសរសេរនោះ មានលក្ខណៈល្អប្រសើរ ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកអានបាន។
កញ្ញាសំបុរសណ្តែកបាយ រូបនេះបានបន្តទៀតថា៖ «និស្សិតគួរតែអានពត៌មានជាតិ និងអន្តរជាតិក៏ដូចជា ប្រលោមលោក ជាភាសាអង់គ្លេស ដោយព្យាយាមយល់ន័យរបស់ព័ត៌មាន ឬប្រលោមលោកនោះ ទោះបីនិស្សិតមិនយល់ន័យ របស់ពាក្យ ទាំងអស់ដែលគេប្រើក្នុង អត្ថបទនោះក៏ដោយ ប៉ុន្តែនិស្សិតត្រូវព្យាយាមយល់ ដោយមើលបរិបទរបស់ព័ត៌មាននោះ។»
និស្សិតគួរតែប្រើវចនានុក្រម អង់គ្លេស - អង់គ្លេស ព្រោះវាអាចជួយអោយនិស្សិតរៀនគិត និងយល់ជាភាសាអង់គ្លេស នៅពេលអាន ដោយមិនបាច់ចំណាយពេល បកប្រែជាភាសាខ្មែរ។
ជាចុងក្រោយ លោក ខាន់ ច័ន្ទឌី បានផ្តាំផ្ងើដល់និស្សិតថា៖ «ដើម្បីរៀនភាសាអង់គ្លេសអោយពូកែ ជំហានដំបូងនិស្សិតត្រូវ បណ្តុះចំណង់ចំណូលចិត្ត ចំពោះភាសានេះសិន៕»

0 comments:

Post a Comment