ទម្លាប់ ៥យ៉ាងរបស់មនុស្សជោគជ័យ
http://press.khmeraec.asia/society/jobs/1307

ទម្លាប់ទាំង ៥យ៉ាងនេះ សំខាន់ទាក់ទងនឹងការគ្រប់គ្រងពេលវេលា ទម្លាប់ប្រចាំថ្ងៃ និងការកំណត់គោលដៅ។ ទម្លាប់ទាំងអស់នេះ មិនថាលោកអ្នកជាអ្នកគ្រប់គ្រងការងារ ជាអ្នកដឹកនាំប្រទេស គ្រប់គ្រងអាជីវកម្មតូចមួយ ឬ គ្រប់គ្រងកិច្ចការផ្ទះដ៏មមាញឹកនោះទេ។ ខាងក្រោមនេះជាទម្លាប់ជាប្រចាំខ្លះៗ ដើម្បីឲ្យលោកអ្នកទទួលបានជោគជ័យប្រចាំថ្ងៃ៖
១. ការគ្រប់គ្រងពេលវេលា
ចំពោះទម្លាប់នេះ លោកអ្នកត្រូវមានជំនាញមួយ គឺត្រូវចេះបែងចែកឲ្យដាច់ថាអ្វីទៅជាការងារប្រចាំ ហើយអ្វីទៅជាការងារបន្ទាប់បន្សំ ដែលអាចលើកទៅធ្វើនៅពេលបន្ទាប់បាន។ គន្លឹះសំខាន់មួយ លោកអ្នកត្រូវតែសរសេរនូវបញ្ជីការងារ ដែលលោកអ្នកត្រូវធ្វើ ហើយត្រូវសរសេរពីពេលវេលា ដែលត្រូវចំណាយសម្រាប់ការងារនីមួយៗផងដែរ។ នៅពេលដែលលោកអ្នកបំពេញការងារនោះតាមកាលវិភាគ ដែលបានកំណត់រួច លោកអ្នកអាចគ្រប់គ្រងពេលវេលា មិនអាចធ្វើឲ្យការងារតូចតាចមួយ ស៊ីពេលវេលារបស់លោកអ្នករហូតដល់កន្លះថ្ងៃនោះទេ។
២. កាត់បន្ថយការរំខាន
លោកអ្នកនឹងអាចសន្សំពេលវេលាការងាររបស់លោកអ្នកបានយ៉ាងច្រើន ប្រសិនបើលោកអ្នកអាចកាត់បន្ថយការរំខានបាន។ ទោះជាយ៉ាងនេះក្ដី ពេលនិយាយ ច្រើនស្រួលជាងពេលលោកអ្នកធ្វើ។ គន្លឹះសំខាន់ដើម្បីអាចកាត់បន្ថយការរំខានគឺទុកទូរស័ព្ទឲ្យនៅឆ្ងាយ ចាកចេញឲ្យឆ្ងាយពីផ្ទះបាយ ពេលនោះលោកអ្នកអាចចៀសវាងការញ៉ាំអាហារខណៈដែលលោកអ្នកធុញទ្រាន់។ បន្ថែមពីនេះទៀត លោកអ្នកគួរមានកន្លែងធ្វើការដ៏មានសណ្ដាប់ធ្នាប់មួយ។ រឿងអាក្រក់មួយ ដែលលោកអ្នកមិនអាចចៀសផុតនៅពេលដែលលោកអ្នកអង្គុយមុខកុំព្យូទ័រច្រើនម៉ោងក្នុងមួយថ្ងៃនោះគឺលោកអ្នកទទួលបានការរំខានពីបណ្ដាញសង្គម Facebook, Twitter និង Skype ជាដើម។ ប្រសិនបើអាចធ្វើបាន លោកអ្នកគួរបិទអ៊ីនធើណេត និងបិទសារផ្តល់ដំណឹង (Notification)។
៣. រក្សាទម្លាប់ល្អរបស់លោកអ្នក
ដូចជាលោកអ្នកមានទម្លាប់ក្រោកពីដំណេកពេលព្រលឹមនៅម៉ោងដដែលៗជារៀងរាល់ថ្ងៃ ការនៅហាត់ប្រាណនៅក្លឹបហាត់ប្រាណរៀងរាល់ព្រឹក ឬ ទម្លាប់តាមដានព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ នេះសុទ្ធតែជាទម្លាប់ល្អ កាត់បន្ថយភាពតប់ប្រមល់ ហើយអាចចាប់ផ្ដើមថ្ងៃថ្មីបានដោយប្រសើរ។ មនុស្សទទួលបានជោគជ័យ មិនមានជាអ្នកដែលលេង Game ដាច់យប់ដល់ម៉ោង ២ទាបភ្លឺ ជារៀងរាល់ថ្ងៃ មិនមែនជាអ្នកដែលក្រោកពីដំណេក ៥នាទីមុនពេលទៅសលារៀន ឬ ទៅធ្វើការនោះដែរ។ ទាំងអស់នេះជាទម្លាប់រៀបចំ សម្រាក និងផលិតកម្មការងារ។ សម្រង់ពាក្យសម្ដីមួយពីវេជ្ជបណ្ឌិតវះកាត់ម្នាក់នៅទសវត្សឆ្នាំ ១៩៥០ លោក Maxwell Maltz បានលើកឡើងថា “គេត្រូវចំណាយពេលវេលាយ៉ាងហោចណាស់ ២១ថ្ងៃ ដើម្បីសម្របខ្លួនទៅនឹងទម្លាប់ថ្មីមួយ។” ដូច្នេះ លោកអ្នកគួរតែចាប់ផ្ដើមទម្លាប់ល្អចាប់ពីថ្ងៃនេះ នោះលោកអ្នកនឹងដឹងពីផលប្រយោជន៍បានមកពីទម្លាប់ទាំងនោះ។
៤. ការកំណត់គោលដៅ
ការកំណត់គោលដៅជាចំណុចសំខាន់ ដែលអាចត្រួសត្រាយផ្លូវថាលោកអ្នកនឹងដើរតាមផ្លូវណា។ គោលដៅដែលលោកអ្នកត្រូវកំណត់ មិនថាគោលដៅហិរញ្ញវត្ថុ គោលដៅការងារ គោលដៅផ្លូវផ្ទាល់ខ្លួន ឬ គោលដៅអាជីវកម្មនោះទេ។ ប៉ុន្តែគោលដៅទាំងនោះត្រូវតែអាចវាស់ស្ទង់ និងមានភាពជាក់ស្ដែង អាចទទួលយកបាន។ ចូរចងចាំថា គោលដៅទាំងនោះអាចផ្លាស់ប្ដូរបាន នៅពេលដែលលោកអ្នកអនុវត្ត។ ដូច្នេះ នៅពេលដែលលោកអ្នកជម្រុញខ្លួនអ្នកឲ្យដើរតាមគោលដៅ លោកអ្នកគួរប្រាប់ពីគោលដៅទៅកាន់អ្នកដទៃដូចជា ក្រុមគ្រួសារ មិត្តភក្ដិ សរសេរគោលដៅទាំងនោះ ហើយទទួលខុសត្រូវទៅលើអ្វី ដែលលោកអ្នកនិយាយ។
៥. រក្សាតុល្យភាពរវាងជីវិត និងការងារ
ដើម្បីក្លាយជាមនុស្សជោគជ័យម្នាក់ លោកអ្នកត្រូវខិតខំធ្វើការ និងមានការតាំងចិត្តខ្ពស់ ប៉ុន្តែលោកអ្នកក៏ត្រូវការការគាំទ្រពីបណ្ដាញ និងជីវិតនៅក្រៅវិស័យការងារផងដែរ។ លោកអ្នកអាចបន្ថែមពេលវេលាជាមួយគ្រួសារ មិត្តភក្ដិ រៀនជំនាញថ្មីៗ លេងកីឡា ឬ ប្រាកដចិត្តថា លោកអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការកម្សាន្ត និងដំណើរកម្សាន្តរបស់លោកអ្នក។ អ្វីដែលសំខាន់ ការងារមិនមែនជារឿងតែមួយគត់នោះទេ។
ទម្លាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិច លោក Barack Obama គឺប្រាកដចិត្តថាត្រូវតែទៅគេហដ្ឋាន និងពិសាអាហារពេលល្ងាចជាមួយគ្រួសាររបស់លោករៀងរាល់យប់។ លើសពីនេះ លោកតែងតែទស្សនាទូរទស្សន៍ ESPN ជារៀងរាល់ព្រឹកថ្ងៃ សុក្រ ទល់ថ្ងៃត្រង់ ដោយលើកឡើងថា “ព្រោះបញ្ហានយោបាយច្រើនពេក ធ្វើឲ្យស្មុគចិត្ត ដូចនេះ ថ្ងៃសុក្រ ខ្ញុំសូមធីបទុកចោលរឿងនយោបាយមួយឡែកសិន”។
ដូច្នេះ សង្ឃឹមថាលោកអ្នកនឹងកែប្រែទម្លាប់មិនល្អ និងរក្សាទម្លាប់ដ៏ល្អរបស់លោកអ្នកដើម្បីទទួលបានជោគជ័យ៕
រៀបរៀងដោយ៖ ឃុន ពិទី
ផ្សាយបន្តដោយ ឈឹម ផាន់ណា
0 comments:
Post a Comment